ព័ត៌មាន News


នាយករដ្ឋមន្ត្រីហ៊ុន សែន ឲ្យ​ដី​ទៅ​ពលរដ្ឋ​កែវ​ផុស​វិញ ខណៈ​នៅ​ជាប់​បណ្តឹង​ឧទ្ទរណ៍

Published on Mon 18 Mar, 2013 at 16:18 by 16:18. | 131 views
នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន បានសម្រេចធ្វើនិរាករណ៍ សេចក្តីជូនដំណឹងស.ជ.ណ របស់ទីស្តីកាគណៈរដ្ឋមន្ត្រី ស្តីពីករណីទំនាស់ដីធ្លីនៅភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឺងហាវ ខេត្តព្រះសីហនុ ដោយប្រគល់ភារកិច្ច ជូនអាជ្ញាធរជាតិ​ដោះស្រាយទំនាស់ដីធ្លី ចុះដោះស្រាយនៅនឹងកន្លែង ជូនប្រជាពលរដ្ឋចំនួន៤៩គ្រួសារ និងសាងសងលំនៅដ្ឋានឡើងវិញ រីឯថវិការជាបន្ទុករបស់គ្រួសារលោក។

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន
កាលពីថ្ងៃទី១៧ ខែមិនា លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានចេញលិខិតពីរដាច់ដោយឡែកពីគ្នា ក្នុងករណីទំនាស់ដីធ្លី​រវាង​លោកជៀម ផែន និង ពលរដ្ឋ៤៩ គ្រួសារ នៅភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឺងហាវ ខេត្តព្រះសីហនុ ដោយលិខិតទី១ លោកបានចុះហត្ថលេខា ចេញសេចក្តីសម្រេច ស្តីពីនិរាករណ៍ស.ជ.ណចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០១១ សេចក្តីជូនដំណឹង​របស់ទីស្តីកាគណៈរដ្ឋមន្ត្រី ស្តីពីករណីទំនាស់ដីធ្លី នៅភូមិកែវផុស ដោយប្រគល់ភារកិច្ចនេះ ជូនលោកឧបនាយករដ្ឋមន្ត្រី​ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីវិញ ដើម្បី ចុះដោះស្រាយនៅនឹងកន្លែង ជូនប្រជាពលរដ្ឋ។ នៅក្នុង​លិខិតនោះបានឲ្យដឹងទៀតថា៖ «អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ គ្រប់ក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវ​អនុវត្តន៍សេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ»។
រីឯលិខិតដាច់ដោយឡែកមួយទៀត លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានផ្ញើជូនលោកម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភាគណបក្ស​ប្រជាជនកម្ពុជាថា សូមលោកមេត្តាជួយ ទទួលយកប្រជាពលរដ្ឋទាំង៤៩ គ្រួសារនេះមកស្នាក់នៅ​កន្លែងក្រុមហ៊ុនរបស់​លោក ជាបណ្ណោះអាសន្ន។ លោកបានសរសេរនៅក្នុងលិខិតនោះទៀតថា៖ «រៀបចំជាងសាងសង់លំនៅដ្ឋាន ជូន​ប្រជាពលរដ្ឋឡើងវិញ ឯថវិកាសាងសង់ជាបន្ទុករបស់គ្រួសារខ្ញុំ។ សូមឯកឧត្តមជួយសម្រួល ប្រជាពលរដ្ឋទាំងនោះ​ដោយ​ក្តីមនុស្សធម៌ និងជួយពួកគាត់ជីវភាពជាប្រក្រតីឡើងវិញ។»
កាលពីថ្ងៃទី ៥ ខែមិនា ឆ្នាំ ២០១៣ ផ្ទះពលរដ្ឋនៅក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ត្រូវបានកម្លាំងសមត្ថកិច្ចជាង១០០ នាក់ និងគ្រឿងចក្រជាច្រើនគ្រឿង បានឈូសរាបស្មើរដី ក្រោមអំណាចសាលក្រម របស់តុលាការខេត្តកោះកុង ដែលបាន​សម្រេចឲ្យលោក ជៀម ផែន ថៅកែស្រាបៀរលីអូឈ្នះក្តី ជម្លោះដីធ្លីលើអ្នកភូមិតំបន់នោះ។
អ្នកស្រីស៊ីវ លីណា អាយុ ៥០ ឆ្នាំបានថ្លែងឲ្យដឹងថា នៅព្រឹថ្ងៃទី១៨ លោក ហ៊ុន ម៉ាណិត លោកប៊ិន ឈិន និងលោក ម៉ុង ឬទ្ធី បានចុះមកដល់ទីតាំង ហើយប្រកាសប្រាប់ពលរដ្ឋថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានសម្រេចប្រគល់ដី​នោះ​ឲ្យ​ពលរដ្ឋ​វិញ ហើយក្រុមគ្រួសាររបស់លោក ជាអ្នកចំណាយក្នុងការសាងសង់ផ្ទះឡើងវិញ។ អ្នកស្រីបានថ្លែងឲ្យដឹងថា ៖ «ពួកយើង​សប្បាយចិត្តបំផុត នៅពេលដែលបានលឺការប្រកាសរបស់កូនសម្តេច ពួកយើងបានដីវិញហើយ ពួកយើងដូចបាន​រស់​ឡើង​វិញ ពួកយើងអគុណសម្តេច ហ៊ុន សែនពីព្រោះសម្តេច បានសង្គ្រោះពួកយើងឲ្យរស់ឡើងវិញ»។
អ្នកស្រីបានថ្លែងឲ្យដឹងទៀតថា លោក ហ៊ុន ម៉ានិត បានប្រកាសប្រាប់ថា ពលរដ្ឋនឹងទទួលបានផ្ទះថ្មី ទំហំ៦ម៉ែត្រ គុណនិង ១២ម៉ែត្រ លើផ្ទៃដី៥០ម៉ែត្រ គុណនិង ១០០ម៉ែត្រ និងដីចំការមួយគ្រួសារ ៥ ហិកតា។ អ្នកស្រីបានថ្លែងថា ៖«ចាប់ពីថ្ងៃនេះ​តទៅ ពួកខ្ញុំនឹងមិនព្រួយបារម្ភ ជាមួយលោកជៀម ផែនទៀតទេ»។
លោកម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប បានថ្លែងឲ្យដឹងថា ខាងក្រុមសំណង់ក្មេងវត្តរបស់លោក កំពុងចាប់ផ្តើម​សាងសង់ផ្ទះទាំងអស់នោះហើយ ហើយតាមគម្រោងនឹងត្រូវចំណាយពេល៤ខែដើម្បីសាងសង់ ពីព្រោះជាផ្ទះថ្ម។ លោក​បានថ្លែងឲ្យដឹងទៀតថា ៖ «ពលរដ្ឋទាំងអស់នោះ នឹងអាចទទួលបានប័ណ្ណកម្មសិទ្ធ លើដីរបស់គាត់ ដែលមានតាំង​ពីដូនតា​មក»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ពុំអាចទំនាក់ទំនងដើម្បីធ្វើការអត្ថាធិប្បាយបានទេ កាល​ពីថ្ងៃ​ម្សិល​ម៉ិញ។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងឲ្យដឹងថា លោកស្វាគមន៍ចំពោះការលូកដៃអន្តរាគមន៍ របស់​លោកនាយករដ្ឋមន្ត្រី បើទោះបីជាមួយផ្នែកតូច ដើម្បី«ទាក់ទាញយកសន្លឹកឆ្នោត»ក៏ដោយ ក៏ពុំមានខុសនោះទេ ទាក់ទិន​ទៅនឹងលទ្ធិប្រជាធិបតេយ្យ។ លោកបានបន្ទោស ស្ថាប័នតុលាការខេត្តថា ៖ «អ្វីដែលខុសនោះ គឺដោយសារតែរឿង​នៅ​កំពុងដំណើរការ នៅសាលាឧទ្ទរណ៍នៅឡើយបែរជាត្រូវបាន តុលាការខេត្តចុះអនុវត្តន៍សាលក្រម ទាំងបំពានច្បាប់។ ដូច្នេះ​ស្ថាប័នក្រសួងយុត្តិធម៌ ត្រូវតែតាមដានមើល ក្នុងករណីនេះ ថាតើហេតុអ្វី បានជាកើតឡើងដូច្នេះ។»
លោក ប៊ុន ណារិទ្ធ មន្ត្រីសម្របសម្រួល អង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តព្រះបានថ្លែងឲ្យដឹងថា ក្នុងករណីនេះ​សាលា​ឧទ្ទរណ៍ គួរតែពិនិត្យមើលឡើងវិញចំពោះសាលក្រមនេះ ហើយក៏នៅមានរឿងជាច្រើនទៀត ដែលពលរដ្ឋបានរង ទទួល​នូវភាពអយុត្តិធម៌នេះ។ លោកបានបន្ថែមឲ្យដឹងទៀតថា ៖«ខ្ញុំគិតថាដោយសារតែសម្តេចហ៊ុន សែនលោកឃើញ​ភាព​អយុត្តិធម៌ខ្លាំងពេក។ ទើបលោកដោះស្រាយជាបន្ទាន់ន ពីព្រោះរឿងកំពុងដំណើរការនៅសាលាឧទ្ទរណ៍ ស្រាប់តែឈូស​បំបាត់ភស្តុតាងអស់ ហើយម្យ៉ាងទៀត វាក៏ជាជិតដល់រដូវបោះឆ្នោតផង៕»
-----------------------------------------------
ដោយ ៖ គិន ហត្ថារ៉ូ - ភ្នំពេញ ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

ไม่มีความคิดเห็น:

แสดงความคิดเห็น