วันจันทร์ที่ 25 มีนาคม พ.ศ. 2556

ធម៍សូត្រ គោរពគុណមាតាបិតា និង សុំខមាទោសមាតាបិតា


បពិត្រមាតានិងបិតា កូននឹកខ្លោចផ្សារពេកអប្បាយ
តាំងពីកូនកើតមានរូបកាយ លោកតែងខ្វល់ខ្វាយថែរក្សា ។
ឱះ ! ឱ ! ម្ចាស់ថ្លៃវិសេសលន់ អ្នករងទុក្ខធ្ងន់ពន់ពេកណា
ព្រោះលោកបីបាច់កូនស្ងួនភ្ងា មិនអាចគណនាឲ្យអស់បាន ។
ដូច្នេះកូនសូមផ្គងអញ្ជលី លើកហត្ថទាំងពីរបន្ទន់ប្រាណ
បង្គំបាទាព្រះក្សេមក្សាន្ត ទោះខុសប៉ុន្មានសូមប្រណី ។

ម្ចាស់អើយកាលកូនទ្រហ៊ោយំ អ្នកស្ទុះទៅថ្នមត្រកងបី
ច្រៀងបំពេរកូនដោយប្រិមប្រិយ៍ មានចិត្តមេត្រីផ្តេកកូនណា ។
ទឹកមាត់ទឹកមូត្រលាមកផង និងគ្រឿងសៅហ្មងផងនានា
អ្នកចាប់អ្នកកាន់អ្នកស្រវារ លាងដោយហត្ថាមិនជិនឆ្អន់។
បពិត្រអ្នកម្តាយមានករុណា បិតាមានគុណវិសេសលន់
កូនសូមគោរពព្រះគុណធ្ងន់ សូមព្រះសោភ័ណបានក្សេម ក្សាន្ត។

ហេតុនេះកូនសូមឧទ្ទិសផល តម្កល់ចេតនាដែលកូនមាន
ទានសីលភាវនាដែលកូនបាន សាងធ្វើប៉ុន្មានជូនទៅលោក ។
សូមលោកទទួលដោយសោមនស្ស ចិត្តកូនត្រង់ស្មោះចំពោះអ្នក
ដូចកូនបានពោលពាក្យសច្ចៈ សូមជូនទៅអ្នកគ្រានេះហោង។
ដោយអានុភាពគោរពគុណ សូមព្រះមានបុណ្យជួយចម្លង
ឆ្លងផុតវាលបីដូចបំណង ដល់និព្វានហោងដូចប្រាថ្នា ។
(
ចប់សម្រាប់សូត្រគោរពគុណមាតាបិតា )

សូត្រសុំខមាទោសមាតាបិតា

កូនសូមឱនកាយថ្វាយវន្ទា បង្គំសូមខមាទោសផ្សេងៗ
ដែលកូនខុសហើយតាំងពីក្មេង កាយចិត្តវង្វេងនិងវាចា ។
សំដីធ្ងន់ស្រាលកូនពុំបានដឹង តបតមាត់រឹងតែងឆ្លើយឆ្លង
ឯកាយទៀតសោត៏កន្លង ឆ្គាំឆ្គងពុំសមអធ្យាស្រ័យ ។

រីឯចិត្តនោះក៏របឹង ចចេសទទឹងមិនព្រមតាម
កូនខុសច្រើនណាស់នឹងបំរាម ដែលលោកបានហាមប្រៀន ប្រដៅ ។
ព្រោះកូនពេលនោះជាមនុស្សល្ងង់ ចិត្តពាលទាំងស្រុងមិនបានយល់
មិនស្គាល់គុណទោសចិត្តមោះមល មិនបានដឹងយល់ហេតុចំរើន ។

ទើបតែពេលនេះកូនស្វាងចែស កូនបានដឹងរិះការាក់ជ្រៅ
ដឹងស្គាល់គុណទោសលោកម៉ែឪ គោរពទៅអង្វែងណា ។
បពិត្រព្រះមេមានគុណធ្ងន់ សូមលោកអត់ធន់ដល់កូនណា
អនុគ្រោះអនុញ្ញាតនូវទោសា ដល់កូនគ្រប់គ្នាដោយសន្តោស ។
(
ចប់សូត្រសុំខមាទោសមាតាបិតា )

ไม่มีความคิดเห็น:

แสดงความคิดเห็น